លោកសូក្រាត
ជាទស្សនវិទូ និងជាបិតាវិទ្យាសាស្រ្តនយោបាយម្នាក់ ដែលប្រកបដោយបញ្ញាវាងវៃ
និងឈ្លាវឆ្លាត ព្រមទាំងមានជីវិតពោរពេញ ទៅដោយសីលធម៌ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក
ហើយក៏ត្រូវបានគេចាត់ទុកគាត់ថា ជាទស្សនវិទូម្នាក់ដែលបានបើកទំព័រសម័យកាលទស្សនៈវិជ្ជារបស់
ទ្វីបអឺរ៉ុបតាំងពីប្រមាណជាង ២៥ សតវត្សរ៍មកហើយ។ លោកសូក្រាតបាន ចាប់ផ្តើមស្វែងយល់អំពីសីលធម៌ក្នុងការរស់នៅនិងស្វែងយល់អ្វីទៅហៅថា
បញ្ញា ហើយជារៀងរាល់ថ្ងៃគាត់បានព្យាយាមពន្យល់ដល់ប្រជាជនក្នុងទីក្រុងអាតែន អំពីទស្សនៈរបស់គាត់ដូចជា
សីលធម៌ យុត្តិធម៌ និងសិទ្ធរបស់មនុស្ស។ ខាងក្រោមនេះជាទស្សនៈអប់រំខ្លះៗរបស់ទស្សនវិទូសូក្រាត
ដែលពាណិជ្ជកម្ម កម្ពុជានឹងចែករំលែកដល់ប្រិយមិត្តអ្នកអាន៖
ខ្ញុំចេះរឿងមួយ
រឿងនោះគឺថា ខ្ញុំមិនចេះអ្វីទាំងអស់៖ ជាការពិតណាស់
បើទោះបីជាលោកអ្នក ជាបុគ្គលដែលមានចំណេះដឹងស្ទើរតែគ្មានអ្នកណាប្រៀបផ្ទឹមជាមួយក៏ដោយ ក៏លោកអ្នកគង់តែមានចន្លោះខ្វះខាតនៃចំនុចណាមួយយ៉ាងប្រាកដ
ហើយបុគ្គលមា្នក់ៗតែងតែមានចំនុចខ្លាំងរៀងៗខ្លួន តែទោះយ៉ាងណា លោកអ្នកត្រូវតែទទួលស្គាល់នូវគំនិតខ្វះខាតរបស់ខ្លួន
ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយ។
ស្គាល់ខ្លួនឯង
ដោយខ្លួនឯង៖ ការស្គាល់ខ្លួនឯង មិនមែនជាការងាយស្រួលទេ
ពីព្រោះថាមនុស្សម្នាក់ៗ ជឿទាំងខុសថាខ្លួនឯងស្គាល់ខ្លួនឯងប្រាកដណាស់
តែជំនឿនេះមិនត្រឹមត្រូវទេ ដោយសារមនុស្សម្នាក់ៗពិបាកនឹងស្គាល់ខ្លួនឯងច្បាស់លាស់ណាស់
ហើយបើចង់ស្គាល់ខ្លួនឯងឲ្យច្បាស់ ត្រូវដាក់រាងកាយខ្លួនឯងភ្ជាប់ទៅនឹងអ្នកដទៃ ពោលគឺលោកអ្នកត្រូវស្គាល់ពីតួនាទី
ស្គាល់ភារកិច្ច ស្គាល់កាតព្វកិច្ចរបស់ខ្លួនឯង ដែលនឹងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ
។
លទ្ធផលល្អ
គឺត្រូវបានរិះគន់រួចហើយ៖ ការធ្វើអ្វីមួយ ដោយមិនបានឆ្លងកាត់គំនិតស្ថាបនារបស់អ្នកដទៃ
ពុំសូវទទួលបានលទ្ធផលល្អនោះទេ ហើយដូច្នេះលោកអ្នកគួរតែរៀនបើកចិត្តឲ្យទូលាយ ដើម្បីទទួលយកនូវគំនិតរបស់អ្នកដ៏ទៃមកពិចារណា
ដើម្បីឲ្យលទ្ធផលនៃការងាររបស់លោកអ្នក កាន់តែប្រសើរ នឹង មិនត្រូវចាត់ទុកថាការរិះគន់ដើម្បីស្ថាបនា
ជាការបន្ទុចបង្អាក់នូវគំនិតរបស់លោកអ្នកនោះទេ។
ជីវិតគ្មានភាពឈឺចាប់
គ្មានភាពលំបាក មិនមែនជាជីវិតទេ៖ មានបុគ្គលជោគជ័យច្រើនណាស់នៅលើពិភពលោកនេះ
ដែលសុទ្ធសឹងតែធ្លាប់ជួបប្រទះនូវភាពឈឺចាប់ និងភាពក្រលំបាក ហើយវាជាកត្តាដែលរុញច្រានឲ្យពួកគេក្លាយជាបុគ្គលជោគជ័យ
ព្រោះបើជីវិតរបស់ពួកគេមិនធា្លប់បានជួបនូវរឿងរ៉ាវលំបាកៗក្នុងជីវិតនោះទេ ពួកគេក៏មិនអាចស្គាល់ច្បាស់ពីរសជាតិជីវិត
និងមិនអាចស្វែងរកសុភមង្គលបានឡើយ៕
0 comments:
Post a Comment