Aristotle
ជាអ្នកប្រាជ្ញជនជាតិក្រិចមួយរូប ដែលជាកូនសិស្សដ៏ឆ្នើមរបស់ Plato
ហើយគាត់បានក្លាយជាគ្រូរបស់ Alexander the Great និងជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្រ្ត របស់មហាអំណាចភាគខាងលិច។ ពាណិជ្ជ
កម្ពុជាបានជ្រើសរើសផ្នត់គំនិតល្អៗរបស់អ្នកប្រាជ្ញ ជនជាតិក្រិចរូបនេះ
មកបកស្រាយជូនលោកអ្នកដូចខាងក្រោម៖
១.
ស្គាល់ខ្លួនឯងច្បាស់ ជាចំណុចផ្តើមនៃភាពជោគជ័យ៖ បើមនុស្សគ្រប់រូបបានស្គាល់ពីសមត្ថភាព
និងបញ្ញារបស់ខ្លួនឯងឲ្យបានច្បាស់ នោះពួកគេនឹងអាចប្រើប្រាស់វា ឲ្យត្រូវទៅតាមមហិច្ឆតាដែលពួកគេមាន
ហើយបើលោកអ្នកនៅតែវិលវល់ មិនស្គាល់ពីខ្លួនឯងច្បាស់ទេ វាក៏មិនងាយស្រួលដែរ សម្រាប់អ្នកដែលចង់បំពេញក្តីសុបិន
ខុសពីសមត្ថភាព និងបញ្ញាដែលខ្លួនមាន។
២.
អំណត់ គឺជូរចត់ តែផ្លែផ្កាវាផ្អែម៖ មនុស្សពូកែអត់ធ្មត់ពិតជាជួបរឿង លំបាកៗខ្លាំងជាងអ្នកណាទាំងអស់
ដោយសារតែពួកគេនៅតែខិតខំ តស៊ូបន្តទៅមុខដោយមិនបោះបង់ មិនអស់សង្ឃឹម
និងមិនខ្លាចជួបឧបសគ្គធំប៉ុនណានោះទេ ហើយជាចុងក្រោយពួកគេតែងតែ
ទទួលបានលទ្ធផលទៅតាមបំណងរបស់ខ្លួន។
៣.
ខឹងឲ្យត្រូវមនុស្ស ខឹងឲ្យត្រូវកម្រិត ខឹងឲ្យត្រូវពេល ខឹងឲ្យត្រូវរឿង ពិតជាលំបាកណាស់៖
អ្នកណាម្នាក់ក៏អាចខឹងបានដែរ តែអ្វីដែលសំខាន់គឺ ពួកគេមិនអាចគ្រប់គ្រងលើកំហឹងខ្លួនឯងឲ្យបានត្រឹមត្រូវ
ជាហេតុធ្វើឲ្យពួកគេបាត់បង់ម្ចាស់ការ លើអំណាចដែលខ្លួនមាន ដូច្នេះលោកអ្នកត្រូវចេះទប់កំហឹង
និងពិចារណាឡើងវិញ មុននឹងប្រើប្រាស់អំណាចណាមួយ ដែលពោពេញទៅដោយកំហឹង។
៤.
ចង់រៀន ត្រូវហ៊ានឈឺចាប់៖ គ្មាននរណាម្នាក់អាចរៀនដោយគ្មានការឈឺចាប់នោះទេ ព្រោះបើលោកអ្នកចង់ស្វែងយល់ពីអ្វី
ដែលថ្មី និងសាកល្បងធ្វើវា លោកអ្នកត្រូវតែហ៊ានទទួលកំហុស រងការលំបាក រងការឈឺចាប់ ដែលទាមទារការតស៊ូអត់ធ្មត់
ការខិតខំប្រឹងប្រែង ប្រឈមមុខនឹងឧបសគ្គ រហូតទាល់តែលោកអ្នកបានដឹង
បានយល់ពីលទ្ធផលជាក់ស្តែង ដែលលោកអ្នកចង់រៀននោះ។
៥.
ក្តីសង្ឃឹម ជាសុបិនមិនបាច់គេង៖ វាមិនចាំបាច់ទាល់តែលោកអ្នកគេង ទើបអាចយល់សុបិនឃើញពីអ្វី
ដែលលោកអ្នកប៉ងប្រាថ្នានោះទេ ព្រោះបើលោកអ្នកមានក្តីសង្ឃឹម
វាក៏ដូចជាក្តីសុបិនដូច្នោះដែរ ដែលជាគ្រឿងជម្រុញចិត្តលោកអ្នកឲ្យត្រូវតែធ្វើ
ត្រូវតែសម្រេចបាន ត្រូវតែជោគជ័យ ដោយមិនចាំបាច់ គេងសុបិនតទៅទៀតនោះទេ៕
0 comments:
Post a Comment