តើ
អ្នកបួសអាចចូលរួមក្នុងរឿង នយោបាយបានដែរឬទេ? បើសិនជា អ្នកបួសចូលរួមឈឺឆ្អាលក្នុងរឿងនយោបាយ
និងកិច្ចការប្រទេសជាតិ តើខុសនឹងព្រះវិន័យ និងសីលធម៌អ្នកបួសឬ? ហើយផ្ទុយពីសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ឬក៏ប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?
ក្នុងន័យអព្យាក្រឹត
នយោបាយ គឺជាសិល្បៈនៃការប្រកួតប្រជែងដើម្បីបានអំណាចក្នុងការដឹកនាំរដ្ឋ តាមទស្សនវិស័យ
និងមាគ៌ានយោបាយរបស់ខ្លួន។ ត្រង់ចំណុចនេះ វាគឺជាគោលដៅ និងមហិច្ឆតារបស់អ្នកនយោបាយ
ដែលត្រូវធ្វើនយោបាយ ប្រកួតប្រជែងដើម្បីបានអំណាច យកទៅដឹកនាំរដ្ឋ។ ដូច្នេះ
ក្នុងន័យនេះ បញ្ជាក់ថាវាមិនមែនជាតួនាទីរបស់អ្នកបួសទេ ដែលត្រូវធ្វើនយោបាយ ដើម្បីដឹកនាំរដ្ឋ
ដូចអ្នននយោបាយ។ តែអ្វីដែលចង់និយាយទីនេះគឺថា អ្នកបួសមិនអាចធ្វើនយោបាយបាន
តែអាចចូលរួមគិតគូររឿងប្រទេសជាតិ និងនយោបាយ ជាមួយប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងសង្គមប្រជាធិបតេយ្យតែម្តង។
ការពិត
គោលដៅអ្នកបួសធំធេងសម្បើមណាស់។ បួសមិនមែនបួសលេង, បួសមិនមែនបួសដើម្បីតែសប្បាយ,
បួសមិនមែនបួសព្រោះគេចពីការងារផ្ទះ, បួសមិនមែនបួសដើម្បីសន្សំទ្រព្យ,
បួសមិនមែនបួសដើម្បីឋានន្តរសក្តិ, បួសមិនមែនបួសដើម្បីគេចពីរដ្ឋអាជ្ញា។
តែបួសដើម្បីស្វែងរកធម៌រំលត់ទុក្ខទាំងពួង ហើយដើម្បីជួយសង្គ្រោះ និងប្រោសសត្វលោកឲ្យរួចចាកទុក្ខផងដែរ។
អ្នកបួស
ដែលក្លាយខ្លួនជាឧត្តមភេទ ក្រៅពីស្វែងរកមាគ៌ាដើម្បីចេញចាកទុក្ខ ក៏មានកាតព្វកិច្ចដ៏ចាំបាច់ផងដែរ
ក្នុងការជួយសង្គ្រោះបងប្អូន គ្រួសារ សាច់ញាតិ សង្គមទាំងមូល
និងរហូតដល់ពិភពលោកទៀតផង។ ក្នុងការជួយសង្គ្រោះនេះ គឺមានរូបភាពផ្សេងៗគ្នា អ្នកបួសអាចសង្គ្រោះមនុស្សតាមការអប់រំ
ទេសនាប្រៀនប្រដៅ ជួយតម្រង់ទិដ្ឋិតាមព្រះពុទ្ធោវាទ និងអាចចូលរួមក្នុងរឿងនយោបាយបានផងដែរ
ពេលណាដែលប្រទេសជាតិជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រជាជនរងភាពអយុត្តិធម៌ ស្រែកយំស្ទើរទូទាំងប្រទេស។
បើអ្នកមើលក្នុងទ្រឹស្តីព្រះពុទ្ធសាសនា
ជាឱវាទព្រះសាស្តានៃយើង ក៏យើងមិនឃើញថា ព្រះអង្គទ្រង់ហាមប្រាមអ្នកបួសមិនឲ្យចូលរួមឈឺឆ្អាលក្នុងកិច្ចការ
នយោបាយ និងបញ្ហាសង្គម ដើម្បីជួយមនុស្សនោះដែរ ព្រះអង្គមានតែជំរុញឲ្យសង្គ្រោះមនុស្សថែម
ទោះតាមការទេសនាក្តី ឬតាមការចូលរួមក្នុងកិច្ចការសង្គមក្តី។
ការដោះខ្លួនចេញចាកកាមតណ្ហា និងការសង្គ្រោះមនុស្សឲ្យផុតពីសេចក្តីទុក្ខ
គឺជាកាតព្វកិច្ច និងទឹកចិត្តរបស់អ្នកបួស។
បើយើងរំឭកទៅដល់សម័យអាណានិគមបារាំង
ជាកាលដែលបរទេសជិះជាន់លើទឹកដីមាតុភូមិយើង ជិតមួយសតវត្ស។ ពេលនោះ ខ្មែរយើងបាត់បង់សេចក្តីសុខសាន្តជិតមួយសតវត្សដែរ។
ក្នុងសម័យកាលដ៏ឈឺចាប់នេះ យើងឃើញថា មានបុព្វវីរសមណសង្ឃ ជាច្រើនអង្គ
ដូចជាព្រះគ្រូអាចារ្យ ហែម ចៀវ,
ព្រះគ្រូ ខៀវ ជុំ, ព្រះគ្រូ ប៉ាង ខាត់
ព្រមទាំងអ្នកស្នេហាជាតិផ្សេងទៀត រួមមាន ប៉ាច ឈឹន, ស៊ឺន ង៉ុកថាញ់,
និង ប៊ុន ច័ន្ទមុល ជាដើម សុទ្ធតែលះបង់ជីវិតក្នុងរឿងនយោបាយដើម្បីស្រោចស្រង់ប្រទេសជាតិដោយឥត
ចង់បានអ្វី។ ដោយសារតែរឿងនយោបាយ ចង់ជួយជាតិ ចង់សង្គ្រោះប្រជាជន ដែលជាបងប្អូនរួមជាតិសាសនា
ព្រះគ្រូអាចារ្យ ហែម ចៀវ បានប្រឆាំងនឹងពួកអាណានិគមបារាំង រហូតព្រះអង្គត្រូវបានគេចោទថាក្បត់ជាតិ
ហើយត្រូវបញ្ជូនទៅកោះត្រឡាចដែនដីកម្ពុជាក្រោម ដោយដាក់ទោសធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ
រហូតដល់ព្រះអង្គបាត់បង់ជីវិតនៅទីនោះ។ ចំណែកឯព្រះគ្រូសាសនានយោបាយ ខៀវ ជុំ
ដោយសារតែរឿងនយោបាយ រឿងជាតិមាតុភូមិ ត្រូវបានអ្នកនយោបាយស្នេហាជាតិ
និងប្រជាពលរដ្ឋ អង្វរផងបង្ខំផង ដើម្បីឲ្យព្រះអង្គចាកចេញពីមាតុភូមិទាំងការឈឺចាប់
ទៅកាន់ប្រទេសថៃទាំងព្រះអង្គមិនចង់។ ការចូលរួមក្នុងរឿងនយោបាយ និងរឿងសង្គមជាតិ
របស់មហាវីរសមណសង្ឃទាំងនេះ គ្មានអ្នកនយោយបាយណា គ្មានអ្នកប្រវត្តិសាស្ត្រណា
គ្មានអ្នកនិពន្ធណា គ្មានទស្សនវិទូណាសរសេរថា ព្រះអង្គជាអ្នកក្បត់ជាតិ
ក្បត់សាសនា ធ្វើខុសតួនាទីជាអ្នកបួសនោះទេ គឺមានតែអរគុណចំពោះព្រះអង្គយ៉ាងក្រៃលែង
ហើយចាត់ទុកព្រះអង្គជាអ្នកស្នេហាជាតិសាសនា ជាវីរសង្ឃទូទាំងប្រទេស រហូតដល់បច្ចុប្បន្ន។
គំរូវីរភាពរបស់ព្រះអង្គ បានស្ថិតក្នុងក្រអៅបេះដូងរបស់ព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋគ្រប់រូប។
ព្រះពុទ្ធអង្គទ្រង់សម្តែងថា
«រស់នៅក្នុងប្រទេសដ៏សមគួរ
គឺជាមង្គលដ៏ឧត្តម»។
ប្រសិនបើប្រទេសយើងជាប្រទេសដ៏សមគួរ ជាដែនដីមានសុខសន្តិភាព
រស់នៅដោយភាពសម្បូរសប្បាយ សុខដុមរមនា ដូច្នេះអ្នកបួសក៏ទទួលផលគឺសេចក្តីសុខ ពីទឹកដីនេះដែរ។
តែបើសិនជាប្រទេសជាតិជួបគ្រោះថា្នក់ ប្រជាជនជួបទុក្ខលំបាក ទទួលរងភាពអយុត្តិធម៌គ្រប់រូបភាព
តើវាជាទីដ៏សមគួរសម្រាប់យើងរស់នៅទេ? ពេលនោះអ្នកបួសគួនៅស្ងៀមទេ?
អ្នកបួសអាចនៅឆាន់បាយអ្នកស្រុក
និងសូធ្យធម៌ក្នុងព្រះវិហារបានទេ? អ្នកបួសអាចសិង (ដេក)
ស្តាប់សំឡេងស្រែកយំរបស់ប្រជាពលរដ្ឋ ដែលជាជនរួមឈាម រួមសុខរួមទុក្ខបានទេ?
ព្រះគ្រូអាចារ្យហែម
ចៀវ បានមានសង្ឃដីកាថា
«ឆ្នាំងបាយប្រជាពលរដ្ឋ គឺជាឆ្នាំងបាយលោកសង្ឃ ក្នុងឆ្នាំងប្រជាពលរដ្ឋគ្មានបាយ
អ៊ីចឹងលោកសង្ឃក៏ឥតបាយឆាន់ដែរ»។ ព្រះអង្គចង់មានសង្ឃដីកាថា
អ្នកបួស ពេលឃើញប្រទេសជាតិជួបគ្រោះថ្នាក់ ប្រជាជនល្ងង់ខ្លៅ
រងនូវអំពើអយុត្តិធម៌ មិនត្រូវសំងំយកសុខ អង្គុយសូធ្យធម៌ប្រាថ្នាឡើងឋានសួគ៌ក្នុងវិហារនោះទេ។
ប៉ុន្តែព្រះអង្គត្រូវចេញជួយសង្គ្រោះប្រទេសជាតិ ប្រៀនប្រដៅបងប្អូនយើង ស្វែងរកយុត្តិធម៌ជួនជនរួមជាតិ
ដើម្បីឲ្យមាតុភូមិយើងរស់នៅដោយសុខសុភមង្គល ក្លាយជាទឹកដីដ៏សមគួរសម្រាប់យើងរាល់គ្នា។
ពាក្យដ៏ពិរោះ ដ៏ក្រអួនក្រអៅ ដ៏សែនមានន័យនេះ បានស្ថិតនៅក្នុងបេះដូង របស់ព្រះស្ឃគ្រប់អង្គ
និងប្រជាពលរដ្ឋគ្រប់រូប គ្រប់ពេលវេលា គ្រប់សម័យកាល ចាំមិនភ្លេច។
បើដូច្នេះ
តើអ្នកស្អប់ព្រះសង្ឃទេ? តើអ្នកទើសភ្នែកនឹងព្រះសង្ឃទេ? តើអ្នកកើតទុក្ខទោម្នេញនឹងព្រះសង្ឃទេ
ពេលឃើញព្រះសង្ឃចូលរួមក្នុងកិច្ចការនយោបាយ អំឡុងពេលប្រទេសជាតិជួបគ្រោះថ្នាក់
បងប្អូនរួមឈាមជួបទុក្ខលំបាក? ឬអ្នកពេញចិត្តឲ្យព្រះសង្ឃសំងំយកសុខ
សិងក្នុងកុដិធ្វើមិនដឹង?
ពេលឃើញព្រះសង្ឃចូលរួមក្នុងនយោបាយ
ស្វែងរកយុត្តិធម៌ឲ្យប្រជាជន មានអ្នកខ្លះធ្វើឫកដូចខ្លួនឯងហ្នឹងចេះវិន័យ យល់សីលធម៌អ្នកបួសសម្បើមណាស់
ដោយពោលពាក្យត្មះតិះដៀលថា៖
«មិនដឹងជាលោកសង្ឃស្អីទេ!
បួសហើយមិនគិតឆាន់បាយឲ្យតែឆ្អែត សូធ្យតែធម៌ទេ! បែរជាមកប្រឡូកប្រឡាក់
ក្នុងរឿងសង្គម រឿងនយោបាយ ជាមួយគ្រហស្ថនាំឲ្យប្រទេសជាតិច្របូកច្របល់! គ្មានដឹងខុសវិន័យអ្វីទេ!
យ៉ាប់មែនអ្នកបួសសម័យនេះ»។ តែដល់ពេលព្រះសង្ឃសំងំនៅស្ងៀមក្នុងវត្ត
ក៏មានអ្នកខ្លះវាយប្រហារយ៉ាងឆ្ងាញ់មាត់ថា៖ «ឆាន់បាយអ្នកស្រុក
ពេលអ្នកស្រុកមានបញ្ហា ប្រជាជនស្រែកយំ លោកសង្ឃធ្វើមិនដឹង! សំងំយកតែសុខ!
មិនខ្វល់ពីសម្រែកស្រែកយំរបស់បងប្អូនរួមឈាម! គិតតែសូធ្យធម៌ប្រាថ្នាឡើងឋានសួគ៌តែម្នាក់ឯង!»។ អយុត្តិធម៌ណាស់! គួរឲ្យឈឺចាប់ណាស់! បើអីចឹង តើអ្នកឲ្យព្រះសង្ឃលោកទៅផ្លូវណាទើបត្រូវ!
ផ្លូវណាទើបអស់លោកពេញចិត្ត?
ការចូលរួមក្នុងកិច្ចការនយោបាយ
ដើម្បីស្វែងរកភាពរីកចម្រើនដល់ប្រទេសជាតិ មានរឿងអ្វីមិនល្អ មានរឿងអ្វីដែលថាព្រះសង្ឃមិនមានចំណែកក្នុងការជួយកសាងជាតិមាតុភូមិ
តាមរយៈការចូលរួមគិតគូរក្នុងរឿងនយោបាយនោះ?
តើខុសឆ្គងត្រង់ណា?
ដើម្បីបង្ហាញពីការបកស្រាយដោយអព្យាកតភាព
ដោយតម្លាភាព ជាសក្ខីភាព យើងនាំគ្នា
ក្រឡេកមើលសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ត្រង់មាត្រា២បានចែងថា៖ «មនុស្សគ្រប់រូបមានសិទ្ធិ
និងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដោយគ្មានការបែងចែក ជាតិសាសន៍ ពណ៌សម្បុរ ភេទ
ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត
ឬឋានៈដទៃៗទៀតឡើយ» ។ មាត្រាផ្សេងទៀត ដូចជាមាត្រា២១ ក៏បានចែងដែលថា៖
«មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន
ដោយផ្ទាល់ ឬតាមរយៈតំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេរី។ ឆន្ទៈនេះនឹងត្រូវបានសម្ដែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់
តាមពេលកំណត់ និងពិតប្រាកដ ដែលនឹងត្រូវធ្វើជាសកល និងមានសិទ្ធិបោះឆ្នោតស្មើៗគ្នា»។ មាត្រាទាំង២នេះបញ្ជាក់ថា សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស
មិនបានបែងចែកថា សិទ្ធិនេះសម្រាប់តែគ្រហស្ថ មិនមែនសម្រាប់អ្នកបួសទេ ។
ចំណែករដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាវិញ
ត្រង់មាត្រា៣១ បានចែងយ៉ាងនេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស
ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី
និង សិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព
និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា
ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។
ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់»។ លើសពីនេះទៅទៀត មាត្រា៣៥ ក៏បានចែងដែរថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង
វប្បធម៌របស់ប្រទេសជាតិ»។ នៅមាត្រាផ្សេងទៀតដូច មាត្រា៤២
វាក្យខណ្ឌទី២ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន
ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម»។
តាមរយៈមាត្រាទាំងប៉ុន្មានក្នុងរដ្ឋធម្មនុញ្ញ
យើងឃើញថា កម្ពុជាយើងមិនត្រឹមតែគោរព
និងទទួលស្គាល់សិទ្ធិមនុស្សប្រកាសជាសាកល ដែលពាក់ព័ន្ធ និងសិទ្ធិយោបាយ
សិទ្ធិពលរដ្ឋ ដោយឥតបែងចែងភេទនោះទេ ថែមទាំងចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផង
ដើម្បីផ្តល់សិទ្ធិ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមក្នុងជីវភាពនយោបាយ
ជួយអភិវឌ្ឍប្រទេសជាតិ។
ដូច្នេះបើតាមការវែកញែកដោយឈរលើផ្លូវកណ្តាល
និងផ្អែកលើទស្សនព្រះពុទ្ធសាសនា ព្រមទាំងផ្អែកលើគោលការណ៍នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស
រួមទាំងរដ្ឋធម្មនុញ្ញនៃប្រទេសយើង យើងមិនទាន់ឃើញថា ព្រះសង្ឃខុសក្នុងការចូលរួមក្នុងនយោបាយនោះទេ
ហើយក៏មិនទាន់ឃើញថា ព្រះពុទ្ធអង្គ ឬសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស រួមទាំងរដ្ឋធម្មនុញ្ញ
បានហាមប្រាមមិនឲ្យព្រះសង្ឃចូលរួមឈឺឆ្អាលក្នុងរឿងនយោបាយ និងប្រទេសជាតិនោះដែរ
។
ដើម្បីភាពជាក់ស្តែងបន្ថែមទៀតនោះ
យើងទាំងអស់គ្នា ក្រឡេកទៅមើលច្បាប់ស្តីគណបក្សនយោបាយ១៩៩៧ វិញម្តង។ មាត្រា១២ នៃច្បាប់នេះបានចែងថា៖
«ប្រជាពលរដ្ឋខ្មែរដែលមានអាយុយ៉ាងតិច១៨ឆ្នាំ
និងមានសិទ្ធិពលរដ្ឋ អាចចូលជាសមាជិកគណបក្សនយោបាយបាន។ មាត្រា១៥ វាក្យខណ្ឌទី២
បានចែងបន្ថែមថា៖ «បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ
និងកងកម្លាំងនគរបាលជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនា តុលាការ
កងយោពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិទេ»។
តាមការលើកឡើងនេះ
យើងអាចឈ្វេងយល់ថា ច្បាប់ស្តីគណបក្សនយោបាយ បានផ្តល់ឱកាសយ៉ាងពេញដល់ពលរដ្ឋគ្រប់
រួមទាំងអ្នកបួសផងដែរ ក្នុងចូលជាសមាជិកគណបក្សនយោបាយណាមួយ។ តែចំពោះព្រះសង្ឃ
មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ច្បាប់មិនអនុញ្ញាតឲ្យធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយ
នោះទេ។ ត្រង់ន័យនេះ ព្រះសង្ឃអាចចូលជាសមាជិក និងគាំទ្រគោលនយោបាយ នៃគណបក្សនយោបាយណាមួយបាន
តែមិនត្រូវបញ្ចេញសកម្មភាពជាក់ស្តែងដើម្បីបង្ហាញថា ខ្លូនគាំទ្របក្សណា
ហើយវាយប្រហារបក្សផ្សេងនោះទេ។
ដូច្នេះថ្វីដ្បិតតែ
ព្រះសង្ឃមានសិទ្ធិអាចចូលរួមគិតគូរក្នុងនយោបាយក៏ពិតមែន តែក៏គួរយល់ពីកម្រិតដែលខ្លួនអាចធ្វើបានដែរ
ដោយផ្អែកទៅលើសីលធម៌របស់ខ្លួន និងតាមច្បាប់រដ្ឋដែលបានចែង។ ព្រះសង្ឃក៏ជាកោសិការក្នុងសង្គមដែរ
អីចឹងគ្មានរឿងអ្វីដែលថា ព្រះសង្ឃមិនអាចចូលរួមក្នុងកិច្ចការនយោបាយ និងកិច្ចការសង្គមបាននោះទេ
តែក្នុងនាមជាអ្នកបួសត្រូវដើរតាមមាគ៌ានៃឧបេក្ខាធម៌ មិនត្រូវលម្អៀងទៅក្រុមណាមួយជាងក្រុមណាមួយឡើយ៕
0 comments:
Post a Comment